ពិតជាអស្ចារ្យមែន​ ! ខណ្ឌព្រែក​ព្នៅ​អនាគត​និង​ក្លាយ​ជាទីក្រុង​កោះពេជ្រ​ទី​២ទំនើប​ខ្លាំង​បំផុត​

មានចម្ងាយប្រហែល១៥គីឡូម៉ែត្រ និងស្ថិតនៅប៉ែកពាយ័ព្យក្រុងភ្នំពេញ ព្រែកព្នៅ ដែលជាតំបន់អភិវឌ្ឍន៍ថ្មីកំពុងតែមានភាពពេញនិយមខ្លាំងចំពោះគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសដោយសារតែតម្លៃដីនៅទីនោះធូរថ្លៃជាងគេ បើធៀបនឹងខណ្ឌផ្សេងៗទៀតនៅទីក្រុង។

ព្រែកភ្នៅត្រូវបានបែងចែកជា៥សង្កាត់៖ ពញាពុន ព្រែកព្នៅ សំរោង គោករកា និងពុនសាង។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍កំពុងសិក្សាវិនិយោគនៅតំបន់នេះដោយសារតែវាជាតំបន់ ដែលមាន សក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍ហើយជាពិសេសមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ។

លោក អ៊ុង មាន អ្នកលក់ដីឡូតិ៍នៅព្រែកភ្នៅ បានឱ្យដឹងថា ព្រែកព្នៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍។ ក្នុងចំណោមដីនៅជាយក្រុងទាំងអស់ដីនៅព្រែកភ្នៅនៅធូរថ្លៃជាងគេ។ បើធៀបនឹងដីនៅអរិយក្សត និងចំការដូង ដីមួយឡូតិ៍ជាមធ្យមមានតម្លៃ ១៥,០០០ ដុល្លារ ចំណែកនៅព្រែកព្នៅដីមួយឡូតិ៍ជាមធ្យមមានតម្លៃតែ ៧,០០០ ដុល្លារប៉ុណ្ណោះ។

ដោយមានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្រ លោក អ៊ុង មាន ជឿថា ព្រែកព្នៅអាចនឹងក្លាយជាកោះពេជ្រទី២បន្ទាប់ពីតំបន់នេះត្រូវបានអភិវឌ្ឍន៍ពេញលេញ។ ប្រការនេះនឹងជម្រុញអ្នកអភិវឌ្ឍន៍មកផ្ដោតការយកចិត្តទុកដាក់នៅទីនោះ ជាពិសេសគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលកំពុងមានតម្រូវការខ្ពស់ក្នុងចំណោមគ្រួសារចំណូលមធ្យម និងក្រោមមធ្យម។ ទន្ទឹមនេះ លោកឧកញ៉ា ចេង ខេង  ប្រធានក្រុមហ៊ុន Cambodia Properties Limited (CPL) លើកឡើងផងដែរថាការវិនិយោគលើដីឡូតិ៍ជារឿងល្អបើអ្នកលក់អនុវត្តន៍តាមការសន្យាដូចជា ការសាងសង់ផ្លូវ ការរៀបចំប្រព័ន្ធទឹក និងភ្លើង សម្រាប់អតិថិជនរបស់ខ្លួន។

លោកឧកញ៉ា ចេង ខេង ជម្រុញអ្នកលក់ដីឡូតិ៍ឱ្យធ្វើតាមការសន្យារបស់ខ្លួន ដោយបន្ថែមថា ដីឡូតិ៍អាចជួយគ្រួសារចំណូលមធ្យមឱ្យមានលំនៅដ្ឋានអចិន្រ្តៃដូចអ្នកមានចំណូលខ្ពស់ដែរ។ លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Housing Co., Ltd ដែលវិនិយោគលើដីឡូតិ៍ ៤កន្លែងនៅព្រែកភ្នៅ និយាយថា ជាមួយនឹងតម្រូវការដីឡូតិ៍កើនឡើង យើងបានលក់ដាច់៧០ ភាគរយហើយនៃគម្រោងរបស់យើងទាំងមូល។

លោក ចាន់ឌី បន្តថា គម្រោងដីឡូតិ៍របស់លោក ដែលមានទំហំ ៥ x ២០ ម៉ែត្រ តម្លៃ ២ ៧០០ ដុល្លារ លក់ដាច់ច្រើនជាងគេ ហើយអតិថិជនភាគច្រើនគឺគ្រួសារចំណូលក្រោមមធ្យម និង មធ្យម។ យោងតាមរបាយការណ៍លំនៅដ្ឋានឆ្នាំ២០១៧របស់ក្រុមហ៊ុន Vtrust Appraisal គិតចាប់តាំងពី ឆ្នាំ ២០០១ មក ព្រែកភ្នៅមានតែ៩គម្រោងធំៗ និង១២គម្រោងតូចៗ ដែលសរុបមានចំនួន៦,០០០យូនីត។

ក្នុងចំណោមគម្រោងទាំងនោះ គម្រោងដែលសាងសង់ចប់មានតែ២គម្រោងប៉ុណ្ណោះដែលមាន៣០៤ យូនីត។ យ៉ាងណាក៏ដោយ គេរំពឹងថា ៣ ៧២០ យូនីតទៀតនឹងត្រូវសាងសង់ចប់ នៅឆមាសទីមួយឆ្នាំ២០១៨ខាងមុខ។បើទោះបីជាព្រែកភ្នៅមិនទាន់មានគម្រោងច្រើនក៏ដោយ លោក ចាន់ឌីជឿថាជាមួយនឹងដីដែលមានតម្លៃថោកជាងខណ្ឌដទៃ និងទិសដៅអភិវឌ្ឍន៍ឆ្ពោះទៅភាគខាងជើង ព្រែកភ្នៅនឹងស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សនៅថ្ងៃអនាគតដ៏ខ្លី៕